ការចាប់ខ្លួនលោក ចេន ហ្ស៊ី ជាការពង្រឹងនិងប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា

អំណាចព័ត៌មាន

(ភ្នំពេញ)៖ ការថ្លែងបែបនេះរបស់ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលបានបញ្ជាក់ថា យុទ្ធនាការចាប់ខ្លួនលោក ចេន ហ្ស៊ី បានឆ្លុះបញ្ចាំងក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្នុងយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែន ហើយកម្ពុជាក៏នឹងបន្ដកិច្ចការជាមួយបណ្ដាប្រទេសជាដៃគូបន្ថែមទៀត ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។


ក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះថា៖ «កម្ពុជាប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការលើការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាមួយប្រទេសជាច្រើនមានដូចជា៖ សហរដ្ឋអាម៉េរិក ចិន សាធារណរដ្ឋកូរ៉េ និងប្រទេសជិតខាងមានដូចជា វៀតណាម និងថៃ ជាដើម ហើយការចាប់ខ្លួន លោក ចេន ហ្ស៊ី គឺជាលទ្ធផលនៃការស៊ើបអង្កេតដ៏យូរមួយ»។


បន្ថែមពីលើនេះ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «លោក ចេន ហ្ស៊ី មានសញ្ជាតិកម្ពុជា ប៉ុន្តែនៅពេលដែលយើងធ្វើការស៊ើបអង្កេត សញ្ជាតិរបស់គាត់មិនត្រូវបានទទួលបានដោយស្របច្បាប់នោះទេ ហើយគាត់ក៏ជាជនជាតិចិនផងដែរ ដូច្នេះយើងបានសម្រេចចិត្តធ្វើបត្យាប័នគាត់ទៅប្រទេសចិន»។


សូមរម្លឹកថា ព្រះករុណាព្រះមហាក្សត្រ បានត្រាស់បង្គាប់ដកគោរមងារអ្នកឧកញ៉ាពីលោក ចេន ហ្ស៊ី កាលពីខែធ្នូ ឆ្នាំ២០២៥។ ក្រោយមកលោកត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ និងបានបញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិន៕






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top