ថ្មីៗនេះនៅលើបណ្ដាញសង្គម ផ្ទុះការចាប់អារម្មណ៍លើសារសំឡេងរបស់ស្ត្រីជាអ្នកលក់ទុរេនមួយរូបនៅខេត្តបាត់ដំបង ចំពោះការលួចនាំចូលទុរេនដោយខុសច្បាប់ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា ស្របពេលដែលទំនិញនេះស្ថិតនៅក្រោមការហាមឃាត់របស់អគ្គនាយកដ្ឋានគយ។
លេខាប្រតិបត្តិសមាគមទុរេនកម្ពុជា មើលឃើញពីកង្វះខាតការត្រួតពិនិត្យ និងរឹតបន្ដឹងលើការនាំចូល ជាពិសេសនៅតាមបន្ទាត់ព្រំដែនថៃ និងស្នើឱ្យមានការតាមដានដោយយកចិត្តទុកដាក់ ដ្បិតថាកន្លងទៅទុរេនរបស់ថៃ ត្រូវបានប្រទេសចិនរកឃើញសារធាតុគីមីលើសកម្រិត និងផ្អាកនាំចូលទុរេនពីថៃផងដែរ។
លោក រឿន រតនា បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «ក្នុងនាមលេខាប្រតិបត្តិសមាគមទុរេនកម្ពុជា ស្នើសុំទៅកាន់កុងត្រូលគយ នៅតាមច្រកព្រំដែន ឬមួយក៏ច្រករបៀងតូចៗនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាមានការរឹតបន្ដឹងនូវការនាំចូលទុរេនពីបណ្ដាប្រទេសវៀតណាម ក៏ដូចជាប្រទេសថៃក្ដី ពីព្រោះដោយសារប្រទេសទាំងពីរនេះ គេបានរកឃើញថាប្រើប្រាស់នូវសារធាតុមួយដែលអាចប៉ះពាល់ដល់សុខភាព លើសកម្រិត»។
ជាមួយគ្នានេះដែរ លោកថា សមាគម ក៏បានតាមដានលើការអនុវត្តបច្ចេកទេសរបស់កសិករខ្មែរ ជាពិសេសនៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំណង់ចាម ដើម្បីឱ្យស្របទៅតាមគោលការណ៍កសិកម្មល្អ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក រឿន រតនា បានបន្តទៀតថា ដោយសារមុនពេលបិទច្រកព្រំដែនកម្ពុជា-ថៃ យើងទទួលស្គាល់ថាលំហូរទុរេនមកពីថៃដើម្បីផ្គត់ផ្គង់ក្នុងស្រុកគឺមានច្រើន។ ប៉ុន្តែក្រោយយើងមានបញ្ហាជាមួយគ្នា និងឈានដល់ការបិទច្រកព្រំដែននោះ កត្តានេះនឹងរុញច្រានឱ្យតម្លៃទុរេននៅក្នុងប្រទេសមានការកើនឡើង អាចដល់ ៣០,០០០រៀលក្នុងមួយគីឡូ ខណៈដែលឆ្នាំទៅតម្លៃចន្លោះ ២០,០០០ ទៅ២៥,០០០រៀលប៉ុណ្ណោះ៕ ដោយ ៖ ឡុក ភាច
.jpg)





